Sidebar Ads

Header Ads

ប្រតិបត្តិការក្ដៅ! បង្ក្រាបករណីគ្រឿងញៀន មានអង្គការចាត់តាំងធំ រឹបអូសថ្នាំជិត៤គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ៣នាក់

អាម៉ាប៉ាប៉ាធីវី

ភ្នំពេញៈ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៦) បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ដែលមានអង្គការចាត់តាំងធំ១ករណី រយៈពេល២ថ្ងៃ រឹបអូសបានគ្រឿងញៀនជិត៤គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ។

មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ប្រាប់អង្គភាពសារព័ត៌មាន Cam Post នៅល្ងាចថ្ងៃអាទិត្យ ទី២០ ខែឧសភានេះថា ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ដែលមានអង្គការចាត់តាំងធំមួយនេះ ដឹកនាំបញ្ជាផ្ទាល់ដោយឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន និងឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ត្រី ហ៊ម គន្ធី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ទទួលផ្នែកក៦ ដោយបើកប្រតិបត្តិការរយៈពេល២ថ្ងៃជាប់ៗគ្នា នៅក្នុងខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ។

មន្ត្រីនគរបាលដដែលបញ្ជាក់ថា កម្លាំងជំនាញ "ក៦" របស់មន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការតាមវិធានញុះញង់បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅវេលាម៉ោង១១៖១០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នាចំណុចផ្សារតាប៉ាង សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនល្មើសម្នាក់ ឈ្មោះ តេង ស៊ីថេន ភេទប្រុស អាយុ៣៨ឆ្នាំ ចាប់បានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ice) ទម្ងន់៩៩,៨០ក្រាម។

ដោយស្រាវជ្រាវបន្តលើករណីនេះ នៅវេលាម៉ោង២​៖៣០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នាចំណុចផ្ទះជួលជាន់ទី២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កម្លាំងជំនាញបន្តឃាត់ខ្លួនជនល្មើសម្នាក់ទៀត ឈ្មោះ រ៉ុង ឌីណា ភេទស្រី អាយុ២៩ឆ្នាំ និងចាប់យកវត្ថុតាង រួមមាន សារធាតុ អិចស្តាស៊ី MDMA ទម្ងន់៧៨០,៩ក្រាម សារធាតុម៉េតំហ្វេតាមីន ICE ទម្ងន់២៣៣៤,៩៨ក្រាម និងសារធាតុ កេតាមីន K ទម្ងន់៣៩៣,៧២ក្រាម។ បន្ទាប់មក សមត្ថកិច្ចបន្តឈានទៅឃាត់ខ្លួនជនល្មើសម្នាក់ទៀត ឈ្មោះ សុខ រីខាន ភេទប្រុស អាយុ២៤ឆ្នាំ ចាប់បានសារធាតុមេតំហ្វេតាមីន ICE ទម្ងន់១៣,៣៦ក្រាម នៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវឌឿងហែម ផ្ទះ១៥៨C ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ច សរុបប្រតិបត្តិការទាំង៣លើក កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សចំនួន៣នាក់ ស្រីម្នាក់ និងចាប់យកវត្ថុតាងសរុប រួមមាន មេតំហ្វេតាមីន ICE ទម្ងន់២៤៤៨,១៤ក្រាម អិចស្តាស៊ី ទម្ងន់៧៨០,៩ក្រាម និងកេតាមីន K ទម្ងន់៣៩៣,៧២ក្រាម ដែលសរុបគ្រឿងញៀន៣ប្រភេទ ទម្ងន់៣៦២២,៧៦ក្រាម។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ កំពុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅមន្ទីរប្រឆាំងគ្រឿង ក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

@Amapapa.TV

Post a Comment

0 Comments