Sidebar Ads

Header Ads

បុរសជាប់ចោទម្នាក់ ក្នុងរឿងឃាតកម្មចាក់សម្លាប់ថៅកែលក់គ្រឿងបន្លាស់រថយន្ត បកស្រាយពីការចាប់ខ្លួនរូបគេខុស (មានវីដេអូ)

អាម៉ាប៉ាប៉ាធីវី

សៀមរាបៈ បន្ទាប់ពីបានដេកក្នុងទ្រុងនៅទីបញ្ជាការអាវុធហត្ថ៥ថ្ងៃ ហើយបន្តទៅដេកក្នុងពន្ធនាគាររយៈពេល៨ថ្ងៃទៀតនោះ ជនរងគ្រោះម្នាក់ ក្នុងរឿងឃាតកម្មចាក់សម្លាប់ ម្ចាស់អាជីវកម្មលក់គ្រឿងបន្លាស់រថយន្ត បានចេញមុខបកស្រាយពីការចាប់ខ្លួនរូបគេខុស ដល់អ្នកកាសែត។

លោក ព្រហ្ម សុព្រឹក្ស ដែលជនរងការចោទប្រកាន់ ក្នុងរឿងឃាតកម្មខាងលើ នៅព្រឹកថ្ងៃទី៨ ខែឧសភានេះ បានបរិយាយប្រាប់អ្នកកាសែតថា អ្នកភូមិក្បែរខាង ក្រុមសាច់ញាតិ ពិសេសរូបលោកផ្ទាល់ រងការអាម៉ាស និងសោកស្តាយយ៉ាងខ្លាំង ដែលសុខៗ ត្រូវគេចាប់ខ្លួនបញ្ជូនទៅឲ្យដេកក្នុងគុកជាច្រើនថ្ងៃ។ ក្រៅពីដេកក្នុងគុកទាំងគ្មានកំហុសហើយ ត្រូវចំណាយប្រាក់យ៉ាងច្រើនថែមទៀត នេះគឺជារឿងមួយដែលមិនធ្លាប់ជួបក្នុងឆាកជីវិត។ លោកបន្តថា រឿងមួយនេះប្រហែលជាមិនអាចបញ្ចប់បាននោះទេ គឺត្រូវតែប្តឹងតបត ទាំងអ្នកផ្តល់ព័ត៌មាន អ្នកផ្តល់រូបភាព អ្នកផ្សាយមិនពិត ពិសេសស្ថាបន័តុលាការ ដែលមិនព្រមដោះលែងទោះបីដឹងថា រូបគេ(ព្រហ្មសុ.ព្រឹក្ស) មិនមែនជាឃាតកហើយ(ចាប់បានឃាតកពិត)។

សុ ព្រឹក្ស បន្ថែមថា កន្លងមករូបគេពិតជាធ្លាប់ស្គាល់ ជនរងគ្រោះប្រាកដមែន តាមរយៈទិញលក់ដី ពីព្រោះរូបគេជាអ្នករកស៊ីដី(គួក​ជេដីឡូត៍) ហើយក៏ធ្លាប់ថតរូបជាមួយគ្នាថែមទៀត កាលពីអំឡុងរដូវបុណ្យចូលឆ្នាំខ្មែរ។ ប៉ុន្តែក្នុងថ្ងៃកើតហេតុ(ឃាតកម្ម) រូបគេមិនបានដឹងនោះទេ ហើយក៏មិនបាននៅក្នុងក្រុងសៀមរាបទៀត គឺទៅដេកផ្ទះសង្សារ ឯឃុំព្រះដាក់ ស្រុកបន្ទាយស្រី លុះព្រឹកឡើយ ទើបត្រឡប់មកទីតាំងដីឡូត៍វិញ។ ចឹងទេ ចំពោះរឿងឃាតកម្មមួយនេះ មិនជាប់ពាក់ពន្ធ័នឹងរូបគេនោះឡើយ ប៉ុន្តែបែរជាត្រូវរងគ្រោះ ដោយភាពអយុត្តិធម៌ទៅវិញ។

ក្នុងឥរិយាបទបង្ហាញពីការសោកស្តាយ សុ ព្រឹក្ស ក៏បានរៀបរាប់អំពីការចាប់ខ្លួនដំបូង រហូតពេលចូលទៅដេកក្នុងពន្ធនាគារ។ ក្នុងពេលចាប់ខ្លួន សមត្ថកិច្ចក្នុងឯកសណ្ឋានស៊ីវិល បានទៅសួររកទិញដី បន្ទាប់មកក៏ចាប់បញ្ចូលឡាន ហើយយកទៅសាកសួរនៅទីបញ្ជាការប៉េអឹម ចាប់ពីល្ងាចថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី៣០ ខែដដែល ទើបបញ្ជូនទៅតុលាការ។ បន្ទាប់ពីសាកសួរ តុលាការក៏បានបញ្ជូនទៅពន្ធនាគារ រហូតដល់ថ្ងៃទី៧ ខែឧសភា វេលាម៉ោង៦ល្ងាចទើបចេញ។ ឆ្លងកាត់ការចាប់ខ្លួននេះ ថ្វីត្បិតតែមានការសាកសួរ តែមិនមានការវាយ​តប់ពីសមត្ថកិច្ចអីនោះទេ។ លុះពេលបញ្ជូនទៅដល់ពន្ធនាគារ ក៏ត្រូវគេវាយ​ចំនួន៦ដៃពីក្រោយ ខណៈកំពុងអង្គុយពេលប៉ូលិសសាកសួរ តែមិនដឹងថា នរណាជាអ្នកវាយ​នោះទេ ព្រោះត្រូវទម្ងន់​ដៃវិលអស់ហើយ។

សុ ព្រឹក បានទៀតបញ្ចាក់ថា នៅថ្ងៃទី៧ ខែឧសភា ទើបដឹងថា ឪពុករបស់ខ្លួនពឹងពាក់មេធាវីឲ្យធានាខ្លួនរូបគេចេញពីគុក តាមរយៈដីកាបង្គាប់ឲ្យដោះលែងលេខ ២០១៩ពស.ព្រស(ឈ)ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ របស់សាលាដំបូងខេត្តសៀមរាប។ តែមិនបានបញ្ជាក់លម្អិតថា ចំណាយប្រាក់អស់ប៉ុន្មាន ទើបបានចេញពីគុកនោះទេ គ្រាន់តែដឹងថា សរុប អាចអស់ខ្ទង់ពាន់ដុល្លារ។ ចំណុចនេះហើយដៃ​លរូបគេ ហាក់មិនអស់ចិត្ត ហើយមានបំណងចង់ប្តឹងតបតឡើងវិញ។

ព្រហ្ម សុព្រឹក្ស ហៅថាន់ ភេទប្រុសអាយុ២៨ឆ្នាំ មានស្រុកកំណើតភូមិចាន់ស ឃុំចាន់ស ស្រុកសូទ្រនិគមខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ រូបគេត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តចាប់ខ្លួន កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ពាក់ពន្ធ័នឹងការសង្ស័យថា ជាជនដៃដល់ក្នុងអំពើឃាតកម្ម សម្លាប់បុរសលក់គ្រឿងបន្លាស់រថយន្តនៅក្រុងសៀមរាប។ ប៉ុន្តែក៏ត្រូវបានដោះលែងមកវិញនៅល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ក្រោយពីចាប់បានឃាតកពិត។

សូមបញ្ជាក់ថា បុរសម្ចាស់អាជីវកម្មលក់គ្រឿងបន្លាស់រថយន្តម្នាក់ ត្រូវឃាតកចាក់សម្លាប់ដោយកាំបិតចុងស្រួច នាអំឡុងម៉ោងជាង៩យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ហើយទើបភ្ញាក់ផ្អើលនាម៉ោងជាង៧ព្រឹកថ្ងៃទី២៤ ខែមេសា។ ជនរងគ្រោះឈ្មោះ ពិត បារាំង អាយុ៤៥ឆ្នាំ រស់នៅផ្ទះកើតហេតុ ស្ថិតក្នុងភូមិគ្រួសសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ត្រង់ចំណុចខាងត្បូងស្តុបសណ្ឋាគារស៊ីធីអង្គរ។ ក្រោយធ្វើសកម្មភាពឃាតកបានរត់គេចខ្លួនបាត់ ហើយករណីនេះសមត្ថកិច្ចអះអាងថា ជាអំពើឃាតកម្ម ប្លន់សម្លាប់។

លុះរំលងអធ្រាត្រឆ្លងចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានចាប់ខ្លួនឃាតកពិតម្នាក់ និងបក្ខពួកសមគំនិតម្នាក់ទៀត ហើយនាំយកទៅធ្វើត្រាប់ អំពីសកម្មភាពចាក់សម្លាប់ទាំងស្រុងវិញ។ ជនដែលចាប់ខ្លួនទី១ ឈ្មោះ សយ ឡុង ហៅជ្រូក ភេទប្រុស អាយុ២៤ឆ្នាំនៅភូមិថ្នល់ដាច់ខាងលិច ឃុំដានរុន ស្រុកសូទ្រនិគម(ជនដៃដល់)ទី២ឈ្មោះអ៊ុន ប៉ូឡូញ ហៅម៉ៅ ភេទប្រុសអាយុ៣៣ឆ្នាំ នៅភូមិដំដែកលើឃុំដំដែក ស្រុកសូទ្រនិគម(ជាជនសមគំនិត)។

នៅរសៀលថ្ងៃទី៨ ខែឧសភា នេះ ព្រហ្ម សុព្រឹក្ស បានបញ្ជាក់ចុងក្រោយថា ឆ្លងកាត់ការពិចារណាពីក្រុមសាច់ញាតិ រូបគេសម្រេចឈប់ប្តឹងផ្តល់អីទាំងអស់ តែសុំមេត្តាកុំឲ្យអ្នកគ្មានកំហុសរងគ្រោះ និងខាតបង់ដូចរូបគេទៀត៕

វីដេអូបកស្រាយ៖

@Amapapa.TV

Post a Comment

0 Comments