Sidebar Ads

Header Ads

ផ្ទុះគ្រាប់មីនកណ្ដាលក្រុង ប៉ើងអាប៊ុលរុញដីដូចក្រដាស អ្នកបើកបររងរបួសធ្ងន់

អាម៉ាប៉ាប៉ាធីវី

ភ្នំពេញៈ បុរសម្នាក់ ដែលជាអ្នកបើកគ្រឿងចក្រអាប៊ុលរុញដីបានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះអាយុជីវិតភ្លាមៗ បន្ទាប់ពីជនរងគ្រោះបើកអាប៊ុលរុញដីកិនពីលើគ្រាប់មីនតោន បណ្ដាលឲ្យផ្ទុះយ៉ាងកក្រើក ប៉ើងគ្រឿងចក្រដូចក្រដាស។

ហេតុការណ៍ផ្ទុះគ្រាប់នេះ បានកើតឡើងនៅចំណុចខាងក្រោយវត្តទួលសុភាឃួន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨៖៥០នាទីព្រឹក ថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ វរសេនីយ៍ យឹម សារ៉ាន់ ប្រាប់អង្គភាពសារព័ត៌មាន Cam Post ឲ្យដឹងថា ករណីផ្ទុះគ្រាប់ បណ្ដាលឲ្យប៉ើងអាប៊ុល និងអ្នកបើករងរបួសធ្ងន់ ដែលរហូតមកទល់ពេលនេះ កំពុងស្ថិតក្នុងការសង្គ្រោះ។ លោកថា នៅមុនពេលកើតហេតុ ទីតាំងកើតហេតុ គឺគេបានកាយយកដីពីផ្លូវជាតិលេខ៤ មកចាក់បំពេញនៅកន្លែងកើតហេតុ ហើយអាប៊ុលជាអ្នករុញពង្រាបដីបានកិន ទើបណ្ដាលឲ្យផ្ទុះ។

លោកអធិការបញ្ជាក់ថា តាមការសន្និដ្ឋានបឋម គ្រាប់នេះ គឺជាគ្រាប់ប្រភេទមីនតោនប្រឆាំងរថក្រោះ សល់ពីសម័យសង្គ្រាម ដែលដោយតាមដីគេកាយពីផ្លូវជាតិលេខ៤ យកទៅចាក់បំពេញកន្លែងកើតហេតុ ហើយនៅពេលឈូសឆាយឲ្យស្មើនោះ ក៏កិនចំគ្រាប់ បណ្ដាលឲ្យផ្ទុះឡើងតែម្ដង។

ជនរងគ្រោះមានឈ្មោះ ហេង ហ៊ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបើកបរគ្រឿងចក្រ ទីកន្លែងស្នាក់នៅមិនទាន់ដឹង ព្រោះជនរងគ្រោះកំពុងសន្លប់បាត់ស្មារតី ត្រូវបានក្រុមសង្គ្រោះបន្ទាន់៧១១ ដឹកបញ្ជូនទៅព្យាបាលភ្លាមៗ។

ក្រោយកើតហេតុការណ៍ផ្ទុះគ្រាប់ដ៏កក្រើកកណ្ដាលក្រុង នាព្រឹកថ្ងៃអាទិត្យនេះ គេសង្កេតឃើញប្រពលរដ្ឋផ្អើលឆោឡោយ៉ាងច្រើន ហើយសមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុភ្លាមៗ ចុះធ្វើការវាស់វែង និងធ្វើកោសល្យវិច្ចយនៅកន្លែងកើតហេតុផងដែរ៕

វីដេអូ៖

@Amapapa.Tv

Post a Comment

0 Comments