Sidebar Ads

Header Ads

នាំខ្លួនឃាតក ចាក់សម្លាប់ថៅកែហាងលក់គ្រឿងបន្លាស់រថយន្ត នៅខេត្តសៀមរាប មកធ្វើត្រាប់ (មានវីដេអូ)

អាម៉ាប៉ាប៉ាធីវី

សៀមរាបៈ នគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ នេះ បានធ្វើសន្និសិទ្ធកាសែតបង្ហាញ​មុខ​ឃាតកដៃឆៅចំនួន២នាក់ ចាក់សម្លាប់ម្ចាស់ហាងលក់គ្រឿងបន្លាស់រថយន្តនៅខេត្តសៀមរាប ហើយនាំខ្លួនពួកគេយកមកធ្វើត្រាប់នៅផ្ទះជនរងគ្រោះ ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានឲ្យដឹងថា ឃាតកចាក់សម្លាប់ថៅកែលក់គ្រឿងបន្លាស់ខាងលើ ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងស្រុកសូទ្រនិគម។

លោកបន្តថា ឃាតកទី១ ឈ្មោះ សយ ឡុន ហៅជ្រូក អាយុ២៤ឆ្នាំ ចាប់ខ្លួន នៅភូមិថ្នល់ដាច់ ឃុំដានរុន ស្រុក សូត្រនិគម ខេត្តសៀមរាប (ជនដៃដល់ ចាក់កសម្លាប់)។ ទី២ ឈ្មោះ អ៊ុន ប៉ូឡូញ អាយុ៣២ឆ្នាំ រស់នៅ ភូមិដំដែក ស្រុកជាមួយគ្នា មុខរបររត់ម៉ូតូឌុប (អ្នករៀបចំគម្រោងការជាមធ្យោបាយ ដឹកចេញពេលធ្វើសកម្មភាពរួច) ឃាត់ខ្លួនបាននៅសៀមរាប។

ចំពោះមុខសមត្ថកិច្ចជនដៃដល់​ឈ្មោះ សយ ឡុន បានសារភាពថា ខ្លួន​ពិតជាបានធ្វើសកម្មភាពចាក់សម្លាប់ ជនរងគ្រោះឈ្មោះ ពិត បារាំង កាលពីយប់ថ្ងៃ២៣ មេសា ឆ្នាំ២០១៨ មែន។ មុនកើតហេតុជនដៃដល់ បានដាក់ពាក្យចូលធ្វើការនៅផ្ទះជនរងគ្រោះ បន្ទាប់មកនៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ជនដៃដល់បានទៅផ្ទះជនរងគ្រោះ ដោយបានតេទូរស័ព្ទ ទៅជនរងគ្រោះឲ្យបើកទ្វារ។ បន្ទាប់ពីបើកទ្វារហើយ ជនរងគ្រោះបានឡើងទៅលើបន្ទប់ឡៅតឿ នៅពេលនោះជនដៃដល់ បានយកកាំបិតរបស់ជនរងគ្រោះ ដែលនៅក្បែរជណ្តើរនោះ មកកាន់លាក់ពីក្រោយ នៅពេលជនរងគ្រោះចុះមកវិញ ដែលស្លៀតតែខោលីអូ ជនដៃដល់បានចាក់ចំបំពង់ក បណ្ដាលឲ្យជនរងគ្រោះដួលស្លាប់តែម្ដង។ បន្ទាប់មកជនដៃដល់បានលាងដៃ រួចឡើងទៅលើបន្ទប់ឡៅតឿ យកខ្សែកមាសមួយខ្សែ ចិញ្ជៀនពេជ្រមួយវង់ និងទូរស័ព្ទ២គ្រឿង ដោយដោះទាំងឌីសកាមេរ៉ាសុវត្ថិភាពចេញរួច ក៏ខលហៅម៉ូតូឲ្យមកចាំនៅមុខផ្ទះ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនដៃដល់ បានចុះមកវិញ ហៅបក្ខពួកឈ្មោះ អ៊ុន ប៉ូឡូញ ដែលជាអ្នករៀបចំគម្រោងនោះ នៅចាំពីមុខផ្ទះ ជិះទៅផ្លូវបាក់ខែង រួចបោះចោលឌីស កាមេរ៉ាចោលក្នុងទឹកលូ។

លោកឧត្តមសេនីយ៍ បន្ថែមថា ក្រោយពីពួកគេធ្វើសកម្មភាពរួច ជនដៃដល់បាន ឲ្យចិញ្ជៀនទៅអ្នករៀបចំគម្រោង​ឈ្មោះ អ៊ុន ប៉ូឡូញ ចំណែកជនដៃដល់ យកខ្សែក និងទូរស័ព្ទ។ លោកបញ្ជាក់ថា ពួកគេបានរៀបចំគម្រោង​ការយ៉ាងច្បាស់ធ្វើឲ្យសមត្ថកិច្ចមានការពិបាកក្នុងការស្រាវជ្រាវ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏សមត្ថកិច្ចនៅតែប្រឹងប្រែងរហូតឈានដល់ការឃាត់ខ្លួនបានដោយជោគជ័យតែម្តង។

សូមរំឭកថា បុរសម្ចាស់អាជីវករលក់គ្រឿងបន្លាស់រថយន្តម្នាក់ ត្រូវឃាតកចាក់សម្លាប់ដោយកាំបិតចុងស្រួចនាអំឡុងម៉ោង៩យប់​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ហើយទើបភ្ញាក់ផ្អើលនាម៉ោង៧ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ដដែល។ ជនរងគ្រោះឈ្មោះ ពិត បារាំង អាយុ៤៥ឆ្នាំ រស់នៅផ្ទះកើតហេតុភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕

វីដេអូ៖

@Amapapa.TV

Post a Comment

0 Comments